តើអ្វីជាសម្ភារៈឆុងតែ “ហ្ស៊ែន” ? ហើយហេតុអ្វីបានជាសម្ភារៈឆុងតែមួយនេះត្រូវបានដាក់ឈ្មោះបែបនេះ?
ពួកយើងធ្លាប់បានលើកឡើងលើអត្ថបទមួយចំនួនហើយកាលពីកន្លងមក អំពីសិល្បករស្មូន លោក ហ័ង ឈុនរិន អំពីស្នាដៃរបស់លោក ដែលភាគច្រើនលោក ហ័ង បាន បង្កើតនូវស្នាដៃភាគច្រើនជាប្រភេទធានមុគូរូបរាងជាដំណក់ប្រង និង ប្រភេទសម្ភារៈតែបែប “ហ្ស៊ែន” ។ អត្ថបទមួយផ្នែកធំកន្លងមក គឺពួកយើងផ្តោតតែលើ ស្នាដៃធានមុគូរបស់លោក រីឯ ខ្លឹមសារអំពី សម្ភារៈតែ “ហ្ស៊ែន” វិញនៅមានតិចតួចនៅឡើយ។ ដូចច្នេះ អត្ថបទមួយនេះនឹង លើកយកតែ សម្ភារៈតែ “ហ្ស៊ែន” មកធ្វើបទបង្ហាញ និងបកស្រាយថា តើសម្ភារៈឆុងតែ “ហ្ស៊ែន”នេះជាសម្ភារៈឆុងតែបែបណា ហើយ ហេតុអ្វីបានជាលោក ហ័ង ឈុនរិន ឲ្យឈ្មោះសម្ភារៈឆុងតែ មួយនេះថា“ហ្ស៊ែន” ?
មុននឹងឆ្លើយថាហេតុអ្វីបានជាលោក ហ័ង ឈុនរិន ឲ្យឈ្មោះសម្ភារៈឆុងតែមួយនេះថា “ហ្ស៊ែន” ពួកយើងសូមនាំអារម្មណ៍ប្រិយមិត្ដមកស្វែងយល់ពី “ អ្វីជាសម្ភារៈឆុងតែ “ហ្ស៊ែន” និង “របៀបនៃការសូន និង ផលិតសម្ភារៈឆុងតែ “ហ្ស៊ែន” ជាមុនសិន។
អត្ថបទនេះជាភាសាអង់គ្លេស/ English Lan Version: https://teatimeguy.com/2021/09/30/zenware-in-eng/
តើអ្វីជាសម្ភារៈឆុងតែ “ហ្ស៊ែន” ?
សម្ភារៈឆុងតែ “ហ្ស៊ែន”ជាប្រភេទសម្ភារៈឆុងតែសេរ៉ាមិច “Single Color Glaze” ដែលរាល់សម្ភារៈតែនីមួយៗ ត្រូវបានធ្វើដោយដៃយ៉ាងល្អិតល្អន់ពីសំណាក់លោក ហ័ង ឈុនរិន នៅតៃវ៉ាន់។ រូបរាងនិងក្លេស (Glaze) គឺប្រណិត និង ទាក់ទាញ ។ ចំពោះសេរ៉ាមិច “ ក្លេសពណ៌តែមួយ” ឬ “Single Color Glaze” គឺជាសេរ៉ាមិចមួយប្រភេទដែល បានរួមបញ្ចូលគ្នានៃផេះ និងការលាយពណ៌ផ្សេងៗគ្នាជាមួយលោហៈផ្សេងៗដើម្បីបង្កើតជាមូលដ្ឋានសម្រាប់រូបមន្ដនៃក្លេស (Glaze) របស់សេរ៉ាមិចប្រភេទនេះ។
តើរបៀបនៃការសូន និង ផលិតសម្ភារៈឆុងតែ “ហ្ស៊ែន” មានដំណើរការយ៉ាងណាខ្លះ?
តើសម្ភារៈតែ “ហ្ស៊ែន” ត្រូវបានផលិតយ៉ាងដូចម្តេច? ជាទូទៅសម្ភារៈតែប្រភេទសេរ៉ាមិច ត្រូវបានផលិតក្រោមមូលដ្ឋានចម្បង ៣ នោះគឺ គឺការសូនជារូបរាង,ការលាបក្លេស (Glazing) និង ការដុត (ក្នុងឡ) ។ នៅក្នុងជំហានសំខាន់ៗទាំង ៣នៃការផលិតសេរ៉ាមិចនេះមួយណាក៏ជាធាតុដ៏សំខាន់ ហើយការការសូនជារូបរាងសម្រាប់សម្ភារៈឆុងតែ “ហ្ស៊ែន”គឺជាធាតុចម្បងជាងគេដែលសិល្បករស្មូន លោក ហ័ង ឈុនរិន បានលម្អិតផ្នែកមួយនេះជា ៣ ជំហានបន្ថែមទៀតក្នុងគោលបំណងដើម្បីឲ្យរូបរាងរំលេចឡើងបានយ៉ាងល្អឥតខ្ចោះ ដោយទី១ គឺ ការសូនជារាងនៅលើកង់ ឬក្ដារបង្វិល ទី២ ការកាត់ផ្នែកខាងក្រោមអោយរាបស្មើ និង មានតុល្យភាព និងទី ៣ ការកោសផ្ទៃនៃសម្ភារៈឆុងតែនោះដើម្បីឲ្យកាន់តែមានរូបរាងស្ដើង។
រាប់ចាប់ពីជំហានទី១ ទី២ និង ទី៣ នៃការសូនរូបរាងតែមួយផ្នែកនេះ គឺទាមទារឲ្យមានភាពអត់ធ្មត់នៃការរង់ចាំ និងការផ្តោតអារម្មណ៍ក្នុងការសូនដោយមត់ចត់ និងស្មឹងស្មាត។ ក្រៅពីនេះរាល់ជំហាននីមួយៗគឺទាមទារបន្ថែមនូវការរង់ចាំដើម្បីឲ្យដីឥដ្ឋស្ងួត ទើបអាចបន្ដទៅជំហានបន្ទាប់ទៀត។ សរុបមក ៣ ជំហាននៃការធ្វើរាងគឺដើម្បីធ្វើឱ្យប្រាកដថា រូបរាងរបស់សម្ភារៈឆុងតែ “ហ្ស៊ែន”មានរាងស្តើងតាមដែលអាចធ្វើទៅបាននិងក៏ត្រូវមានសមាមាត្រល្អផងដែរ។ ទាំងនេះគឺជាហេតុផលចំបងមួយដែលនៅពីក្រោយកាតដាក់ឈ្មោះសម្ភារៈឆុងតែមួយនេះថា “ហ្ស៊ែន” ។ ជាក់ស្ដែងលោក ហ័ង ឈុនរិន បានធ្លាប់លើកឡើងដែរថា៖
ដើម្បីក្លាយជាសិល្បករស្មូនមួយរូបប្រៀបដូចជានិយាយថាអ្នកចង់ក្លាយទៅជា ជាងកំបោរ/ជាងបាតអរ (Mason) ម្នាក់ចឹង។ ក្រៅពីយល់អំពីការជ្រើសរើសនិងការប្រើប្រាស់ដីជាមូលដ្ឋាន ការយល់ដឹងអំពីសមាមាត្រ សោភ័ណភាព និងការគ្រប់គ្រងបទដ្ឋាននៃការសូនហើយនោះ ចំណេះដឹងទៅលើផ្នែកគីមីវិទ្យានិងរូបវិទ្យាក៏ត្រូវទាមទារយ៉ាងចំបាច់ផងដែរ។
បកប្រែចេញពីសំដីផ្ទាល់របស់លោក ហ័ង ឈុនរិន



បន្ទាប់ពីដំណើរយ៉ាងអត់ធ្មត់នៃការសូនជារូបរាង សម្ភារៈតែ “ហ្ស៊ែន” ត្រូវបន្ដទៅដំណើរក៏ចំបងទី២គឺ ការលាប ឬ ក្លេស (Glazing) ដែលការក្លេស (Glazing) ដែលត្រូវអនុវត្ដនៅលើសម្ភារៈតែ “ហ្ស៊ែន” គឺជាការក្លេសពេញលើតួទាំងមូល ឬស្ទើពេញតួ។ សម្រាប់មូលដ្ឋាននៃរូបមន្ដ ក្លេស គឺបានរួមបញ្ចូលគ្នានៃផេះ និងការលាយពណ៌ផ្សេងៗគ្នាជាមួយលោហៈមួយចំនួនដើម្បីបង្កើតជាមូលដ្ឋានសម្រាប់រូបមន្ដនៃក្លេស (Glaze) របស់សេរ៉ាមិចប្រភេទនេះ។ បន្ទាប់ពីបានបញ្ចប់ដំណើរការក្លេសរួចរាល់ សម្ភារៈតែ “ហ្ស៊ែន” ត្រូវបានរក្សាទុករហូតដល់ពេលសមស្របសម្រាប់ដំណើការបន្ទាប់គឺការដុតនៅក្នុងឡ។ សម្រាប់ការដុត សីតុណ្ហភាពដុតសម្រាប់ឡឥដ្ឋសម្ភារៈតែសេរ៉ាមិច “ហ្ស៊ែន” គឺត្រូវប្រើប្រាស់សីតុណ្ហភាពជិត ១៣០០ អង្សារសេ ហើយបន្ទាប់ពីដុតបញ្ចប់ គឺត្រូវចាំបាច់បន្តទុកនៅក្នុងឡរហូតសីតុណ្ហភាពក្នុងឡចុះដល់សីតុណ្ហភាពប្រក្រតីទើបអាចដកចេញពីក្នុងឡបាន។ រយៈពេលចំណាយសរុបចាប់ពីការដុត ដល់រង់ចាំឡចុះដល់សីតុណ្ហភាពប្រក្រតី ត្រូវចំណាយពេលប្រហែល ៧០ម៉ោង។
ផលិតផលសម្រេចនៃសម្ភារៈតែ “ហ្ស៊ែន” ជាធម្មតាមានពណ៌បែប Neutral ឬ បែបធម្មជាតិ (Earthy Color) ហើយផ្ទៃលើនៃសម្ភារៈតែ “ហ្ស៊ែន” មានលក្ខណៈរាងក្រឺម និងមិនរលោង។ នេះហើយដែលជាមូលហេតុទី ២ ដែលសម្ភារៈតែមួយនេះត្រូវបានឲ្យឈ្មោះថា “ហ្ស៊ែន ឬ 禪風” ពីព្រោះខ្លឹមសារមួយនៅក្នុង “ហ្ស៊ែន ឬ 禪風” គឺត្រូវផ្តល់ឱ្យនូវអារម្មណ៍នៃភាពធូរស្រាល សាមញ្ញ និងពណ៌ដែលមិនឆើតឆាយ។
ដូច្នេះពូកយើងមានចម្លើយហើយចំពោះមូលហេតុដែលសម្ភារៈតែសេរ៉ាមិចនេះ ត្រូវបានឲ្យឈ្មោះថា “ហ្ស៊ែន ឬ 禪風”៖
ដូច្នេះហេតុអ្វីបានជាលោក ហ័ង ឈុនរិន ឲ្យឈ្មោះសម្ភារៈឆុងតែមួយនេះថា “ហ្ស៊ែន” ?
ដូចដែលបានរៀមរាប់ខាងលើ ហេតុផលនៅពីក្រោយការឲ្យឈ្មោះសម្ភារៈតែសេរ៉ាមិចនេះថា “ហ្ស៊ែន ឬ 禪風/ Zen” គឺលោក ហ័ង ឈុនរិនផ្ទាល់គឺផ្ដោតលើហេតុផលសំខាន់ពីរចំណុច៖ ទីមួយ គឺការអត់ធ្មត់ក្នុងការរង់ចាំនៅចន្លោះពេលនៃដំណើរការ រួមជាមួយការផ្ចិតផ្ចង់នៃការសូនរូបរាងដើម្បីឲ្យមានរាងស្ដើង ហើយប្រណិត និងទីពីរគឺពណ៌នៃសម្ភារៈតែ“ហ្ស៊ែន” ដែលមានពណ៌បែបធម្មជាតិ បែបស្រគត់ស្រគម មិនឆើតឆាយ ដែលនៅពេលដែលយើងគ្រាន់តែគយគន់ក៏អាចផ្តល់ឱ្យនូវអារម្មណ៍ធូរស្រាល ហើយបើប្រើប្រាស់នៅពេលឆុងតែវិញ គឺកាន់តែផ្ដល់នូវអារម្មណ៍កាន់តែវិជ្ជមានបន្ថែមទៀត។
យោងទៅតាមបទពិសោធន៍នៃការប្រើប្រាស់ផ្ទាល់ទៅលើសម្ភារៈតែ “ហ្ស៊ែន”នោះគឺ អារម្មណ៍នៃការប៉ះលើផ្ទៃលើអាចធ្វើឱ្យយើងយល់ថា ស្ដើងតែមានសភាពរឹងមាំ វាមានពណ៌កគ្រឺម តែស្រទាប់លើគឺស្រទន់ និងរលោង។ ភាពល្អិតល្អន់នៃស្នាដៃស្ទើរគ្មានចន្លោះប្រហោង រីឯចំនុចនីមួយៗមានលក្ខណៈលំអិត និងពណ៌ ព្រមជាមួយរូបរាងដ៏ល្វត់ល្វន់នៃពណ៌បែបស្រគត់ស្រគម ធ្វើអោយចិត្តយើងស្ងប់ស្ងាត់ពេលចាប់កាន់ និងប្រើប្រាស់សម្ភារៈតែ “ហ្ស៊ែន”នៅពេលឆុងតែ នេះកាន់តែនាំបរិយាកាសទាំងមូលស្ងប់ស្ងាត់និងបន្ធូរអារម្មណ៍ កាត់បន្ថយនូវទុកកង្វល់ ហើយអារម្មណ៍ និងបរិយាកាសទាំងមូលដូចជាបានស្ថិតនៅក្នុងពិភពនៃ“ហ្ស៊ែន”។
ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗនៃសម្ភារៈតែសេរ៉ាមិច “ហ្ស៊ែន”៖
ហ្គាយវ័ន
ប៉ាន់តែ

ពែងរំលែក


ពែងរំលែកអ៊ីងយ៉ាងហ្ស៊ែន
ពែងតែ
រក្សាសិទ្ធគ្រប់យ៉ាងដោយ TEATIMEGUY
All Rights Reserved for TEATIMEGUY.
Contact us (teatimeguy@gmail.com) for permission to reuse any of our content.









